ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​រ៉ាប់រង​ចិញ្ចឹម​សមាជិក​គ្រួសារ​៥​នាក់



ស្តាប់សំឡេងដោយ អ៊ុក សាវបូរី  

កុមារ​កំព្រា ក្រីក្រ ៣០៥
កុមារី ធិន ចន្ធី អាយុ ៨​ឆ្នាំ និង​ប្អូន​ប្រុស​ពៅ​អាយុ ៣​ឆ្នាំ អូស​រទេះ​ដឹក​ទឹក ក្នុង​ភូមិ​នៀល ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Ouk Savborey


នៅ​ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​ក្មេង​ស្រី​អាយុ ៨​ឆ្នាំ​មួយ​រូប បាន​ឈប់​រៀន ហើយ​ទៅ​រក​ស៊ី​ដើម្បី​ចិញ្ចឹម​មនុស្ស​ចំនួន ៥​នាក់​ជា​សមាជិក​គ្រួសារ។ មនុស្ស​ទាំង ៥​នាក់​នោះ មាន​ជីដូន​ចាស់​មួយ​រូប និង​បង​ប្អូន​ប្រុស ៣​នាក់។ ការ​ប្រឹង​រក​ស៊ី ដើម្បី​ចិញ្ចឹម​មនុស្ស​ជាច្រើន​នាក់​ក្នុង​គ្រួសារ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់។
ភាព​ទាល់ច្រក បង្ខំ​ឲ្យ​កុមារី ធិន ចន្ធី ទើប​មាន​អាយុ ៨​ឆ្នាំ ស្ថិត​នៅ​ក្នុង​ភាព​ជា​កុមារ ទៅ​ធានា​រ៉ាប់រង​ជីវភាព​ក្រុម​គ្រួសារ​ប្រមាណ ៣​ឆ្នាំ​មក​នេះ។ កុមារី ធិន ចន្ធី រស់នៅ​ភូមិ​នៀល ឃុំ​គូស មាន​ចម្ងាយ​ប្រមាណ ១៤​គីឡូម៉ែត្រ​ពី​សាលា​ស្រុក​អង្គតាសោម ខេត្ត​តាកែវ និង​នៅ​ជិត​ភ្នំ​ដំរីរមៀល។
កុមារី ធិន ចន្ធី អះអាង​ថា ភ្នំ​ដំរីរមៀល ជា​ភ្នំ​សម្បូរ​ធនធាន​ដែល​នាង​អាច​រក​អង្ក្រង ស្លឹក​រងៀង អុស ជាដើម លក់​ចិញ្ចឹម​គ្រួសារ​នាង។
ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ទី​៤ នៃ​ខែ​មីនា កុមារី ធិន ចន្ធី មិន​បាន​ទៅ​សាលា​ទេ។ កុមារី​នៅ​អូស​ទឹក និង​រក​អង្ក្រង​ផ្សំ​សម្រាប់​ធ្វើ​ម្ហូប និង​សម្រាប់​លក់៖ «ខ្ញុំ​ដង​ទឹក​ពី​ត្រពាំង ត្រពាំង​របស់​គេ​ទឹក​នោះ​មាន​ពណ៌​ស្រដៀង​ខ្មៅ។ ទឹក​នេះ ខ្ញុំ​ទុក​លាង​ចាន។ ខ្ញុំ​អូស ថ្ងៃ​ណា​នេះ ខ្ញុំ​រែក​ខ្ញុំ​ខ្ជិល​អូស​ខ្ញុំ​រែក»
កុមារី​បាន​ប្រាប់​ថា ដោយសារ​តែ​ជីដូន​ឈឺ មិន​អាច​រក​អ្វី​មក​ចិញ្ចឹម​ចៅ​ទាំង ៤​នាក់​បាន ទើប​នាង​ដើរ​ទៅ​ភ្នំ​ស្វែង​រក​សម្បុក​អង្ក្រង និង​អុស មក​ផ្សំ​លក់​ដើម្បី​ទិញ​ស្បៀង៖ «១​ថ្ងៃ ១​ម៉ឺន ២​ម៉ឺន ខ្ញុំ​ទៅ​គោះ​អង្ក្រង​នៅ​ឯ​ភ្នំ​ឯ​ណោះ ២​នាក់​បង»
កុមារី​ឲ្យ​ដឹង​ថា ក្រោយ​ពី​ឪពុក​ម្តាយ​ស្លាប់ បង​ប្អូន​នាង ៤​នាក់​កំព្រា ត្រូវ​ជីដូន​ខាង​ម្តាយ​ជួយ​មើល​ថែទាំ ប៉ុន្តែ​ដោយសារ​ជីដូន​ឈឺ​ក្រោក​មិន​សូវ​បាន​យូរ ចេះ​តែ​វិល​មុខ ទើប​កុមារី និង​បង​ប្រុស​នាំគ្នា​ស្វែង​រក​ចំណូល​ពី​ការ​លក់​អង្ក្រង និង​ស្លឹក​ឈើ​ក្នុង​ព្រៃ​ភ្នំ​មក​លក់។ កុមារី​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​បាន​អង្ក្រង និង​ស្លឹក​រងៀង ឬ​អុស រក​បាន​ពី​ភ្នំ​ដំរីរមៀល យក​ទៅ​លក់ គាត់​ត្រូវ​ដើរ​តាំង​ពី​ភ្នំ​ដំរីរមៀល ទៅ​ដល់​ផ្សារ​ត្រាំកក់ ចម្ងាយ ៦​គីឡូម៉ែត្រ ដើម្បី​លក់​របស់​រក​បាន​នោះ​ប្ដូរ​យក​ប្រាក់​ទិញ​អង្ករ​ ឬ​អំបិល ត្រី​សាច់​ជាដើម ហើយ​ដើរ​មក​ផ្ទះ​វិញ ៣​គីឡូម៉ែត្រ​ទៀត៖ «យាយ​គាត់​ឈឺ គាត់​ហូប​បាយ​អត់​បាន។ ខ្ញុំ​ដើរ​កាប់​ក្តាម រក​អង្ក្រង​បាន​យក​លក់ យក​លុយ​ចាយ និង​រៀន។ លក់​មួយ​កូន​ចាន ១​ពាន់​រៀល ថ្ងៃ​ណា​ខ្ញុំ​រៀន​អត់ ថ្ងៃ​ណា​ខ្ញុំ​អត់​រៀន លក់​បាន»
កុមារា ធិន ចំរើន អាយុ ១០​ឆ្នាំ ថ្លែង​ថា ឪពុក​ម្តាយ​គាត់​បាន​ស្លាប់​មិន​ដឹង​នៅ​ទីណា​ទេ ព្រោះ​ចេញ​ទៅ​ធ្វើ​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ។ ៥​ឆ្នាំ​ក្រោយ​មក ឮ​ថា​ស្លាប់​បាត់​ទៅ​ហើយ។ កុមារា​បន្ត​ថា ជីដូន​ឈឺ​សម្រាក​លើ​កន្ទេល មាន​តែ​គាត់ និង​ប្អូន​ស្រី​ទេ ដែល​អាច​រក​ចំណូល​ចិញ្ចឹម​ប្អូន​តូចៗ​បាន។ ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​អត់​ធ្មត់​នៅ​ពេល​ខ្វះខាត​អាហារ​ម្តង​ម្កាល។ ពួក​គេ​មិន​ចេះ​ខ្ចី​បុល​នរណា​ឡើយ ព្រោះ​នៅ​តូច​គ្មាន​គ្រួសារ​ណា​បណ្ដាក់ ឬ​ឲ្យ​ខ្ចី​ទេ ព្រោះ​អ្នក​ភូមិ​គេ​ជួយ​ចិញ្ចឹម​ក្រុម​គ្រួសារ​កុមារ​កំព្រា​នេះ​ច្រើន​ពេក​ហើយ ពួក​គេ​ក៏​មាន​គ្រួសារ​របស់​គេ​ត្រូវ​ចិញ្ចឹម​ដែរ៖ «បង​ប្អូន​ខ្ញុំ​ចេះ​ជួយ​គ្នា។ ជួន​កាល​មាន​ត្រី​អាំង មាន​ត្រី​ងៀត​អី​ចៀន។ ដើរ​រក​អង្ក្រង​រក​អី គោះ​យក​ទៅ​លក់ ហើយ​ទិញ​មក»
ស្ត្រី​មេម៉ាយ​ឈ្មោះ អិត លី អាយុ ៥៤​ឆ្នាំ ត្រូវ​ជា​ជីដូន​របស់​កុមារ​កំព្រា​ទាំង ៤​នាក់ បាន​អះអាង​ថា គាត់​មាន​កូន ៧​នាក់។ ប្ដី​គាត់​ធ្លាក់​ពី​លើ​ដើម​ត្នោត​ស្លាប់​រយៈពេល ១៥​ឆ្នាំ​កន្លង​មក​នេះ។ កូន​ចៅ​បែក​មាន​គ្រួសារ​អស់ គ្មាន​នរណា​បាន​ជួយ​គាត់​វិញ​ទេ។ មិន​តែ​ប៉ុណ្ណោះ គាត់​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​ចៅ​កំព្រា ៤​នាក់​នេះ​ទៀត។ តែ ២ ទៅ ៣​ឆ្នាំ​មក​នេះ គាត់​ឧស្សាហ៍​វិល​មុខ និង​ដួល​ញឹកញាប់ ទើប​គាត់​មិន​អាច​ជួយ​អ្វី​ដល់​ចៅ​ទាំង ៤​នាក់​បាន។ បច្ចុប្បន្ន ចៅ​ទាំង ៤​នាក់ មើល​ថែ​គាត់​វិញ ចៅ​ពៅ​គេ​អាយុ ៣​ឆ្នាំ ជួយ​ដង​ទឹក​ឲ្យ​គាត់​ផឹក​ជាដើម៖ «ខ្ញុំ​អត់​ដែល​ហ៊ាន​ដើរ​ទៅ​ណា​ទេ។ ខ្ញុំ​ឈឺ​ដើរ​ខ្លាច​តែ​ដួល។ ខ្ញុំ​ទៅ​ផ្ទះ​ប្រធាន​ភូមិ​ដួល​បាត់​មាត់ បាត់​ក​ទៅ។ បើ​ចៅ​ខ្ញុំ​គ្នា​នៅ​ផ្ទះ រែក​ទឹក​រែក​អី​ដាំ​បាយ​ទៅ ខ្ញុំ​ឈឺ​ដៃ​ឈឺ​ជើង ធ្វើ​អី​អត់​កើត។ កុំ​បាន​មេ​ភូមិ​គាត់​ជួយ​ខ្ញុំ ជួយ​ដោះស្រាយ​ដែរ​ហ្នឹង បាន​អង្ករ បាន​មី បាន​ទឹក​ត្រី ហើយ​លុយ​ឲ្យ​ក្មេងៗ​បាន​ម្នាក់ ១០​ម៉ឺន ហូប​មិន​ដែល​គ្រាន់​ទេ មក​ពី​ខ្ញុំ​មិន​ដែល​មាន​ស្អី​ទេ»
កុមារ​កំព្រា ក្រីក្រ ៣០៥
២៥-មីនា-២០១៣៖ កុមារី ធិន ចន្ធី និង​បង​ប្អូន​ប្រុស ៣​នាក់ រួម​ទាំង​ជីដូន​សម្រាក​នៅ​លើ​គ្រែ ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ RFA/Ouk Savborey
មេ​ភូមិ​នៀល លោក ណោម សារឿន ថ្លែង​ថា ក្នុង​ភូមិ​នេះ​មាន​មនុស្ស​រស់នៅ ៨៨​គ្រួសារ។ ក្នុង​នោះ​មាន​គ្រួសារ​ជិត​៣០ ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​លំដាប់​លេខ​១ និង​លេខ​២។ ចំណែក​ក្រុម​គ្រួសារ​កុមារី​កំព្រា​នោះ ស្ថិត​ឋានៈ​ក្រីក្រ​បំផុត។ លោក​ថា គ្រួសារ​នេះ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អាជ្ញាធរ​ស្រុក​ត្រាំកក់ អាជ្ញាធរ​ខេត្ត ទីប្រឹក្សា​លោក ហេង សំរិន ប្រធាន​រដ្ឋសភា សប្បុរស​ជន​ក្នុង និង​ក្រៅ​ប្រទេស។ សប្បុរស​ជន​ខ្លះ​ជួយ​ទិញ​ស័ង្កសី​ឲ្យ ដើម្បី​ប្រក់​ផ្ទះ ខ្លះ​ជួយ​ទិញ​ស្លឹក​បាំង​ជញ្ជាំង ខ្លះ​ជួយ​អង្ករ ខ្លះ​កន្ទេល ក្រមា ខ្លះ​សម្លៀកបំពាក់ ខ្លះ​ថវិកា។
ចំណែក​រូប​គាត់ ជា​អាជ្ញាធរ​ភូមិ​ជួយ​ដឹក​ក្មេង​ធំៗ​ទាំង ២​នាក់​បង​ប្អូន​ទៅ​សាលា​រៀន ព្រោះ​ចង់​ឲ្យ​គេ​រៀន​អាច​ចេះ​អាន​អក្សរ​បាន​ខ្លះ៖ «ដោយសារ​ពី​មុន គាត់​ដំបូល​ស្លឹក មិន​មាន​ស័ង្កសី​ដូច​សព្វថ្ងៃ​នេះ​ទេ ដោយ​ខាង​សម្ដេច ហេង សំរិន គាត់​បាន​ជួយ និង​សប្បុរស​ជន​មក​ពី​សៀមរាប។ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​គាត់​ដែរ គាត់​មក​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន ហើយ​រាជ​រដ្ឋាភិបាល​ក៏​បាន​ជួយ​ដែរ តែ​វា​មិន​បាន​គ្រប់​ចំនួន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ទេ ដោយសារ​គាត់​ក្រីក្រ​ពេក។ តែ​សប្បុរស​ជន​ដទៃ​ទៀត គាត់​បាន​ជួយ​ហូរហែ»
ក្នុង​ថ្ងៃ​ច័ន្ទ ទី២៥ ខែ​មីនា នោះ​ដែរ ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ ដឹកនាំ​ដោយ​លោក ម៉ៅ សុផល បាន​ទិញ​កង់​មួយ​គ្រឿង មី ២​កេះ សម្លៀកបំពាក់ រួម​ទាំង​ថវិកា​ច្រើន​ម៉ឺន​រៀល ជូន​បង​ប្អូន​កុមារី ធិន ចន្ធី។
លោក ម៉ៅ សុផល ថ្លែង​ថា លោក​នឹង​ស្នើសុំ​ទៅ​កាកបាទក្រហម​កម្ពុជា និង​ក្រសួង​សង្គមកិច្ច ឲ្យ​ជួយ​ផ្តល់​ស្បៀង​ឲ្យ​បាន​រាល់​ខែ​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​កុមារី និង​បង​ប្រុស​ផ្អាក​រៀន ព្រោះ​តែ​ធានា​រ៉ាប់រង​ការ​ចិញ្ចឹម​ក្រុម​គ្រួសារ​បែប​នេះ​ត​ទៅ​ទៀត៖ «យើង​បើ​អត់​ជួយ​ក្មេង​នេះ​ទេ គឺ​ទៅ​ថ្ងៃ​អនាគត ក្មេង​នេះ​គឺ​ប្រៀប​ដូច​ពេល​យប់ គឺ​អត់​មាន​ពន្លឺ ពីព្រោះ​អនាគត​ក្មេង​នេះ​នឹង​បោះ​បង់​ការ​សិក្សា​នៅ​ពេល​ដែល​យើង​អត់​ជួយ​គាត់។ អីចឹង ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល ឬ​ក៏​ខ្មែរ​ដែល​នៅ​ឯ​នាយ​សមុទ្រ សូម​ជួយ​ក្មេង​នេះ ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​អនាគត​ល្អ​ផង។ ពេល​ដែល​ខ្ញុំ​ត្រឡប់​ទៅ​វិញ គឺ​ខ្ញុំ​ប្រាប់​ខាង​ផ្នែក​កាកបាទ​ក្រហម ដើម្បី​ឲ្យ​ជួយ​ដល់​យាយ ហើយ​និង​ក្មេង ៤​នាក់​នេះ ដើម្បី​ជួយ​បន្ត​ទៅ​មុខ​ទៀត»
នៅ​ថ្ងៃ​នោះ​ដែរ ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្តល់​ថវិកា​ចំនួន ១០០​ដុល្លារ និង​ប្រាក់​រៀល​ច្រើន​ម៉ឺន​ទៀត ជួយ​ក្រុម​គ្រួសារ​កុមារី​កំព្រា​នោះ​ដែរ។
អាជ្ញាធរ​ឃុំ​គូស បាន​ថ្លែង​ថា មិន​មែន​តែ​ក្រុម​គ្រួសារ​កុមារី​មួយ​នេះ​ទេ​ដែល​ជួប​ការ​លំបាក​នោះ គឺ​នៅ​ក្នុង​ឃុំ​មាន​គ្រួសារ​ច្រើន​ទៀត បាន​ធ្វើ​ចំណាក​ស្រុក ព្រោះ​តែ​ការ​ធ្វើ​ស្រែ និង​ដាំ​ដំណាំ​រួម​ផ្សំ​មិន​អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​បាន​ប្រចាំ​ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment